
ប្រភព៖ Postkhmer ភ្នំពេញៈ នៅចំពោះមុខប្រិយមិត្តទស្សនិកជនរាប់ពាន់នាក់ដែលកំពុងទស្សនាផ្ទាល់អមដោយការស្វាគមន៍ហ៊ោកញ្ជៀវគួរឲ្យរីករាយនោះ ស្រាប់តែតារាចម្រៀងស្រីវ័យក្មេងល្បីឈ្មោះនាង សុខ ពិសី បានសម្តែងអារម្មណ៍ខ្មាសអៀនមុខឡើងក្រហមឆិលនៅលើឆាកប្រគំតន្ត្រី ដោយសារតែមានគេជូនកាដូរដល់នាងដោយបើកចំហ ហើយកាដូរនោះគឺជាស្រោមអនាម័យ។ សុខ ពិសី មើលកាដូរស្រោមអនាម័យ។ សេត គឹមសឿន ក្នុងនាមជាតារាល្បីហើយស្រស់ស្រីមានសម្រស់ស្រស់ស្អាតសាច់សខ្ចីទៀតនោះ ប្រាកដណាស់ថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ នឹងមានហ្វូងកន្លង់ដើរហើរប្រាថ្នាចង់ក្រេបលំអងដ៏ក្រអូបសាយនោះមិនខាន ប៉ុន្តែទោះបីយ៉ាងណា តារាចម្រៀងដែលមានសាច់សម៉ដ្ឋខៃរូបនេះ បានបញ្ជាក់ប្រាប់ម្តងហើយម្តងទៀតថា នាងមិនទាន់មានគូនៅឡើយ។ ក្រោយការប្រកាសថាខ្លួនមិនទាន់មានអ្នកឃុំគ្រងបេះដូងនៅលើការប្រគំតន្ត្រីហ្គេនបឺកស៍នោះ សុខ ពិសី បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើលបន្តនៅចំពោះមុខមហាជនរាប់ពាន់នៅក្នុងការប្រគំតន្ត្រីអប់រំផ្សព្វផ្សាយ ក្រោមប្រធានបទ «សប្បាយដោយសុវត្ថិភាព» របស់អាជ្ញាធរអេដស៍កម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយនិងការពារពីការរីករាលដាលមេរោគអេដស៍។ នៅខណៈពេលកំពុងតែប្រកាសសារ និងការនិយាយអប់រំដល់មនុស្សទូទៅនោះ ស្រាប់តែតារាចម្រៀង សុខ ពិសី បានទទួលអារម្មណ៍ភ្ញាក់ផ្អើលនៅពេលមានការប្រកាសថា គេមានកាដូមួយជូនដល់តារាចម្រៀង សុខ ពិសី។ ភ្លាមនោះ សុខ ពិសី ក៏តាមសម្លឹងមើលពីការលាក់បាំងរបស់នោះនៅពីក្រោយខ្នងរបស់ ឌីជេ កណ្តុរ ។ នៅខណៈកំពុងតែស្ចង់អារម្មណ៍ ស្រាប់តែគេជូនកាដូរស្រោមអនាម័យមួយកញ្ចប់ធំដល់នាង ធ្វើឲ្យនាងខ្មាសអៀនរឹងខ្លួន មុខឡើងក្រហមក្នុងនាមស្រីក្រមុំ។ ប៉ុន្តែទោះបីជាយ៉ាងណា តារារូបនេះហាក់នៅតែបញ្ចេញស្នាមញញឹមជានិច្ច ព្រោះថានោះជាការបើកចំហមួយដល់មនុស្សគ្រប់គ្នាឲ្យពួកគេបានដឹង និងយល់ពីអត្ថប្រយោជន៍ស្រោមអនាម័យ ពិសេសនោះគឺវាជាអាវុធការពារការចម្លងមេរោគអេដស៍។ លើសពីនោះ សុខ ពិសី ថែមទាំងបានដាក់សំណើរដល់មហាជនថា សូមឲ្យបងប្អូនទាំងអស់មានស្នេហាស្មោះត្រង់មួយទល់នឹងមួយមិនព្រួយឆ្លងជំងឺអេដស៍៕


No comments