លោក ហ៊ុន សែន ត្រូវបានដាក់ចូលក្នុងបញ្ជីនៃក្រុមមេដឹកនាំបង្កការគំរាមកំហែងប្រចាំតំបន់អាស៊ីអាគ្នេយ៍

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និងប្រធានាធិបតីហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) ជួបពិភាក្សានៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ RFA
សហព័ន្ធភ្នាក់ងារចារកិច្ចអាមេរិកាំង ដែលជាបណ្តុំភ្នាក់ងារចារកិច្ចចំនួន ១៧ស្ថាប័ន ក្នុងនោះរួមមានទាំងភ្នាក់ងារ សេ.អ៊ី.អា (CIA) ផង បានដាក់លោក ហ៊ុន សែន ចូលក្នុងបញ្ជីនៃឈ្មោះក្រុមមេដឹកនាំ «បង្កការគំរាមកំហែងប្រចាំតំបន់» អាស៊ីអាគ្នេយ៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក និងអត្ថប្រយោជន៍អាមេរិក នៅលើពិភពលោក។
ការដាក់ឈ្មោះអតីតកម្មាភិបាលខ្មែរក្រហមរូបនេះចូលទៅក្នុងបញ្ជីរបស់សហព័ន្ធភ្នាក់ងារចារកិច្ចអាមេរិកាំងនេះ ធ្វើឡើងដោយប្រធានការិយាល័យចារកិច្ចជាតិ លោក ដានីញ៉ែល ខូតស៍ (Daniel Coats) ដែលគ្រប់គ្រងលើបណ្តុំភ្នាក់ងារចារកិច្ចទាំងអស់នៅសហរដ្ឋអាមេរិក តាមរយៈរបាយការណ៍វាយតម្លៃមួយកម្រាស់ ២៨ទំព័រ ចេញផ្សាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងទៅនេះ ដាក់ចំណងជើងថា «ការវាយតម្លៃលើការគំរាមកំហែងជាសាកលនៃបណ្តុំភ្នាក់ងារចារកិច្ចសហរដ្ឋអាមេរិក»។
របាយការណ៍សរសេរថា មេដឹកនាំខ្មែររូបនេះនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបង្ក្រាបមកលើស្ថាប័នប្រជាធិបតេយ្យ និងសង្គមស៊ីវិល ចាត់ចែងប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងស្ថាប័នតុលាការ ប្រើប្រាស់ប្រព័ន្ធសែស្រឡាយ និងអំពើហិង្សាផ្នែកនយោបាយ ក្នុងគោលបំណងដើម្បីធានាបន្តការក្ដោបក្ដាប់អំណាចរបស់លោកឲ្យបានយូរអង្វែងតទៅមុខទៀតនៅក្រោយការបោះឆ្នោតជាតិខែកក្កដា ខាងមុខ។
របាយការណ៍វាយតម្លៃចារកិច្ចដដែលនេះ គូសបញ្ជាក់ត្រង់ៗថា លោក ហ៊ុន សែន បានធ្វើឲ្យរបបរបស់លោកនៅឯកោ ដាច់ឆ្ងាយពីដៃគូបស្ចិមប្រទេសដទៃទៀត។ ការណ៍នេះ កំពុងធ្វើឲ្យរបបលោកត្រូវពឹងផ្អែកទៅលើការគាំទ្រទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុពីសំណាក់ក្រុងប៉េកាំង ដែលនឹងបណ្តាលឲ្យរបបលោក ហ៊ុន សែន កាន់តែមានចំណងស្អិតល្មួតជាមួយចិន កាន់តែខ្លាំងឡើងៗ។
លោក ហ៊ុន សែន មិនមែនជាមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍តែម្នាក់ទេ ដែលត្រូវបានសហព័ន្ធភ្នាក់ងារចារកិច្ចអាមេរិកាំង ដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីក្រុមមេដឹកនាំ «បង្កការគំរាមកំហែងប្រចាំតំបន់» អាស៊ីអាគ្នេយ៍។ មេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ក៏ជាប់ឈ្មោះនៅក្នុងបញ្ជីនោះដែរ ដោយសារតែលោកបានប្រកាសធ្វើ «រដ្ឋាភិបាលបែបបដិវត្តន៍» និងដាក់ចេញនូវច្បាប់អាជ្ញាសឹកដែលជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យក្នុងតំបន់៕

